ឃើញស្ងាត់ៗអ៊ីចឹង តាមពិត Apple កំពុងសម្ងំផលិត iPhone បត់អេក្រង់ពីរប្រភេទ

[ទីផ្សារបរទេស] ក្រុមហ៊ុន Apple នាពេលបច្ចុប្បន្ននេះកំពុងផលិត iPhone បត់អេក្រង់ចំនួនពីរប្រភេទ។ នេះបើតាមការឲ្យដឹងពីប្រភពដែលបានដឹងច្បាស់អំពីរឿងរ៉ាវនេះ។ iPhone បត់ពីរប្រភេទនេះគឺជាប្រភេទ Flip ដូចជា Samsung Galaxy Z Flip5 និង Oppo Find N3 Flip មិនមែនជាឧបករណ៍ធំដូចជា Galaxy Z Fold5 ឬ OnePlus Open នោះឡើយ។ យ៉ាងណាក្ដីនេះមិនមានន័យថា Apple គ្រោងបញ្ចេញលក់ iPhone បត់នោះទេ ដោយ Apple ប្រហែលជាកំពុងធ្វើការពិសោធន៍លើ iPhone ដែលមានទ្រង់ទ្រាយបត់តែប៉ុណ្ណោះ។ នាពេលកន្លងមកគេដឹងថា Apple បានជួបនិយាយជាមួយក្រុមហ៊ុនផលិតនៅអាស៊ីមួយសម្រាប់ផ្គត់ផ្គង់គ្រឿងបន្លាស់ iPhone បត់ ប៉ុន្តែពិតណាស់ថាគម្រោងការនេះអាចត្រូវរំសាយបានគ្រប់ពេល ប្រសិនបើវាមិនអាចបំពេញតាមស្តង់ដារដ៏ខ្ពស់របស់ Apple បានទេនោះ៕